កូនពៅវង្វេង (លូកា១៥:១១-២៤)
I.
សេចក្តីផ្តើម
បើយើងពិនិត្យពិចារណាមើលគ្រប់ទាំងអ្វីៗដែលព្រះជាម្ចាស់ទ្រង់បានបង្កើតមក
នោះយើងឃើញ
ថារបស់ទាំងអស់នោះសុទ្ធតែមានជីវិតរស់ មានខ្យល់ដកដង្ហើម ឧទាហរណ៏ដូចជា មនុស្ស សត្វ រុក្ខជាតិ ជាដើម។
ប៉ុន្តែគ្រប់ជីវិតដែលព្រះបានបង្កើតទាំងអស់ មិនអាចរស់នៅជារហូត ជាអមត:នោះទេ
គ្រប់ជីវិតទាំងអស់តែងតែផុតរលត់ទៅ មនុស្ស សត្វ រុក្ខជាតិគឺគ្រប់ទាំងរបស់ដែលមានជីវិត
ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះមិនដែលផុតឡើយ ដូចចំរៀង១បទបាននិយាយរៀបរាប់ថា
អង្គឯណាដែលមានសេចក្តីស្រឡាញ់ដូចព្រះយេស៊ូវពិតជារកពុំបានឡើយ
គឺទ្រង់តែមួយតែងគង់ជិតបង្កើយ គឺទ្រង់ហើយជាតួរសេចក្តីស្រឡាញ់
ទ្រង់គង់ជិតតែងជួយមើលថែរាល់ថ្ងៃ ដាស់តឿនទូន្មាន ទោសខុសឆ្គងទ្រង់លប់ចេញ
ទ្រង់មិនយកទោសព្រោះស្រឡាញ់ ក្តីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ
ជាសម្លាញ់ស្ងួនភ្ងាស្កប់ចិត្ត។ ចៅក្រមលើលោកីយកាត់ទោសទុរជនឲ្យត្រឹមរួចខ្លួន
តែព្រះគ្រីស្ទទ្រង់អាណិត ខ្ញុំបញបោរទ្រង់លើកលែងទោសយើងអាណិត
ឲ្យរង្វាន់ជាមរតកនិងជីវិត រៀបឋានពិតក្នុងដំណាក់ព្រះ។
II.
សង្ខេបបទគម្ពីរ
មានបុរសម្នាក់មានកូនប្រុស២នាក់។
កូនពៅបាននិយាយទៅកាន់ឪពុក សូមឲ្យគាត់ប្រគល់
ចំណែកមរតកដល់ខ្លួន នោះឪពុកក៏បានចែកទ្រព្យដល់កូន
ហើយកូនពៅបានប្រមូលទ្រព្យសម្បត្តិចេញទីស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យអស់ពីខ្លួនរលីងដោយការលេងល្បែងដ៏ហួសខ្នាត
វាក៏ធ្លាក់ខ្លួនទ័លក្រ មិនមានលុយទាល់តែសោះនៅជាប់នឹងខ្លួន ដោយសារច្ចឹងហើយ កូនពៅក៏បានទៅបំរើអ្នកស្រុកម្នាក់
ដោយគេប្រើវាឃ្វាលហ្វូងជ្រូកនៅឯវាល។ នៅពេលដែលវាឃ្លាន វាចង់ចំអែតពោះដោយបាយជ្រូក
ដែលជ្រូកស៊ីខ្លាំងណាស់ តែគ្មានអ្នកណាឲ្យបាយជ្រូកដល់វាសោះ។ ដល់ពេលវាភ្ញាក់ដឹងខ្លួន
នោះក៏គិតថាជើងឈ្នួលរបស់ឪពុកវា សុទ្ធតែមានអាហារបរិភោគគ្រប់គ្នា តែវាដែលជាកូនជិតដាច់ពោះស្លាប់ហើយ
ក៏បានគិតថានឹងទៅរកឪពុកដើម្បីសុំគ្រាន់តែធ្វើជាជើងឈ្នួលប៉ុណ្ណោះ។
នោះកូនពៅក៏បានក្រោកឡើងដើរទៅ លុះកាលឪពុកឃើញពីចំងាយ នោះក៏មានចិត្តមេត្តាករុណា
ហើយរត់ទៅឪបថើប។ ស្រាប់តែពេលនោះកូនពៅបាននិយាយសុំទោសទៅកាន់ឪពុក
ដែលវាបានធ្វើបាបនឹងព្រះ ហើយនឹងឪពុក មិនគួរហៅជាកូនទៀតទេ
តែឪពុកបានប្រាប់បាវបំរើឲ្យយកអាវ ចិញ្ចៀន នឹងស្បែកជើងល្អ មកបំពាក់
ហើយឲ្យយកកូនគោដែលបំប៉នមកសំឡាប់ បរិភោគឲ្យសប្បាយចិត្ត ដ្បិតកូនដែលបានស្លាប់
ឥឡូវរស់ឡើងវិញ ក៏បាត់ ហើយបានឃើញមកវិញ។
III.
រចនាសម្ព័ន្ធ
1.
សំណើរសុំដែលមិនគប្បីរបស់កូនពៅវង្វេង (v១១-១២)
2.
លទ្ធផលនៃការចាកចេញពីឪពុករបស់កូនពៅវង្វេង (v១៣-១៦)
3.
ការត្រឡប់ដោយការបន្ទាបខ្លួនរបស់កូនពៅវង្វេង (v១៧-២០a)
4.
ការជួបជុំគ្នាដ៏សប្បាយរីករាយរបស់កូនពៅវង្វេង (v២០b-២៤)
IV.
សំនួរស្នូល
តើកូនពៅវង្វេងបានប្រព្រឹត្តអ្វីខ្លះចំពោះឪពុករបស់គាត់?
តើឪពុករបស់គាត់មានប្រតិកម្មយ៉ាងម៉េចបន្ទាប់ពីកូនពៅបានធ្វើខុស
ហើយត្រឡប់មករកគាត់វិញ?
V.
ការកាត់ស្រាយ
បើយើងប្រឡេកមើលនៅក្នុងគម្ពីរលូការជំពូក១៥
មានសាច់រឿងប្រៀបប្រដូច៣ ដែលព្រះយេស៊ូវទ្រង់បានមានបន្ទូល។
សាច់រឿងទី១ជារឿងប្រៀបប្រដូចអំពីចៀមដែលបាត់បង់(១៥:១-៧) រឿងទី២ជារឿងប្រៀបប្រដូចពីប្រាក់ដែលបាត់(១៥:៨-១០) និងរឿងទី៣ជារឿងប្រៀបប្រដូចអំពីកូនពៅវង្វេង(១៥-១១:២៤)
មូលហេតុដែលព្រះយេស៊ូវទ្រង់មានបន្ទូលជារឿងប្រៀបប្រដូចយ៉ាងដូច្នេះ
គឺដោយសារតែមានអ្នកយកពន្ធ នឹងអ្នកមានបាបគេបានចូលមកជិតព្រះយេស៊ូវ
ដើម្បីស្តាប់អ្វីដែលទ្រង់មានបន្ទូល។ ដូច្នេះហើយបានជាពួកផារីស៊ី
នឹងពួកអាចារ្យគេឌុកដាន់ថាព្រះយេស៊ូវទទួលមនុស្សមានបាប ហើយស៊ីជាមួយនឹងគេផង (ខ១៥:១-២)។ តើពួកអ្នកយកពន្ធ និងអ្នកមានបាបជានរណាគេ បានជាពេលព្រះយេស៊ូវទ្រង់ទទួល
ហើយបរិភោគជាមួយពួកគេ នាំឲ្យពួកអាចារ្យឌុកដាន់ដល់ទ្រង់? ពួកអ្នកយកពន្ធគឺជាទូទៅត្រូវបានគេហៅថា
អ្នកយកផាស៊ី ជាមនុស្សប្រុសសាសន៏យូដា ដែលប្រមូលពន្ធឲ្យរដ្ឋាភិបាលរ៉ូមាំង។
សាសន៏យូដាគេស្អប់អ្នកយកពន្ធខ្លាំងណាស់ ពីព្រោះគេជួយពួកឈ្លានពានដែលជាសាសន៏ដទៃ
ហើយតែងតែគៃបន្លំជនជាតិឯងទៀតផង ដែលអាចហៅបានថាជាអ្នកចូលដៃជាមួយសត្រូវ ជាចោរនិងឈ្មោះថាជាអ្នកក្បត់ជាតិទៀតផង
(ម៉ាថាយ៥:៤៦;លូកា៣:១២)។ ចំណែកអ្នកមានបាប គឺជាពួកដែលល្បីល្បាញខាងធ្វើការអាក្រក់ ក៏ដូចជាពួកមិនស្តាប់តាមក្រឹត្យវិន័យរបស់លោកម៉ូសេផងដែរ
(ម៉ាកុស២:១៥)។
ការឌុតដាន់របស់ពួកអាចារ្យផារីស៊ីដល់ព្រះយេស៊ូវមិនមែនជារឿងថ្មោងថ្មី
មិនមែនជារឿងប្លែកនោះទេ
ជារឿងដែលសាំញាំ ដដែល។ នៅក្នុងព្រះគម្ពីរម៉ាកុស ២:១៣-១៧ យើងឃើញថាអាចារ្យផារីស៊ីក៏បានរករឿងព្រះយេស៊ូវផងដែរ នៅពេលដែលទ្រង់គង់អង្គុយតុជាមួយមនុស្សយកពន្ធ
និងមនុស្សបាបជាច្រើន។ អ្វីដែលពួកផារីស៊ីនិយាយដុកដាន់ដល់ព្រះយេស៊ូវនេះ គឺក្នុងគោលបំណងគ្រាន់តែនិយាយរំអុកឲ្យ
និយាយកែកករ រករឿងរកហេតុ និយាយរុកកូន ចាក់រុក ញុះញង់
និងរកចាប់កំហុសព្រះយេស៊ូវតែប៉ុណ្ណោះ។
នៅពេលដែលពួកអាចារ្យផារីស៊ីគេនិយាយរុកកួន
រករឿងរកហេតុចំពោះការដែលព្រះយេស៊ូទ្រង់ទទួល
មនុស្សមានបាប អ្នកយកពន្ធ និងបរិភោគជាមួយពួកគេ នោះព្រះយេស៊ូវទ្រង់បានមានបន្ទូលតបទៅវិញជាពាក្យប្រៀបប្រដូចអំពីរឿងចៀមដែលបាត់
ប្រាក់ដែលបាត់ និងរឿងកូនពៅវង្វេង ក្នុងគោលបំណងដើម្បីបង្ហាញពីភាពផ្ទុយគ្នារវាងសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកមានបាប
និងអ្នកយកពន្ធ និងការរើសអើង ស្អប់ខ្ពើមរបស់ពួកផារីស៊ីទៅចំពោះអ្នកយកពន្ធ
និងអ្នកមានបាប។
1. សំណើរសុំដែលមិនគប្បីរបស់កូនពៅវង្វេង
(v១១-១២)
យើងមើលឃើញថា បុរសម្នាក់នេះ
គាត់មានកូនប្រុសដល់ទៅ២នាក់ ហើយ២នាក់នឹងគឺមានម្នាក់ជាបង និងម្នាក់ទៀតជាប្អូន។
បើយើងនិយាយពីបងនឹងប្អូន ទាក់ទងនឹងការចែកទ្រព្យសម្បត្តិ
នោះយើងឃើញថានៅក្នុងប្រទេសអ៊ីស្រាអែល តាមច្បាប់កូនប្រុសច្បងត្រូវទទួលមរដក២ភាគ៣ក្នុងចំណោមមរដកទាំងអស់
ចំណែកឯកូនពៅវិញត្រូវទទួលមួយភាគបីនៃចំណែកមរដកដែលតិចជាងកូនច្បង(ចោទិយកថា២១:១៧)
ហើយការទទួលចំណែកមរដកនេះគឺបន្ទាប់ពីពេលដែលឪពុកលាចាកលោកទៅ មិនមែនពេល
ឪពុកកំពុងរស់យ៉ាងស្រណុកសុខស្រួលនោះទេ។ ទាល់តែឱពុកស្លាប់បាត់ហើយ
ទើបចំណែកមរកដនោះត្រូវបានចែកឲ្យតាមចំណែករៀងខ្លួន ប៉ុន្តែនៅក្នុងខ១២កូនពៅបាននិយាយផ្តល់សំណើរស្នើរសុំដល់ឪពុកសុំឲ្យចែកចំណែកមរដកដល់ខ្លួន
ទាំងឪពុករបស់ខ្លួនមិនទាន់ស្លាប់ គឺកំពុងនៅនិយាយឆ្លងឆ្លើយជាមួយគាត់នៅឡើយ។
នៅត្រង់កន្លែងនេះរឿងដែលនឹកស្មានមិនដល់ រឿងដែលមិនធម្មតាគឺថាកូនពៅជាអ្នក
ផ្តើមគំនិតក្នុងការសុំចែកមរដក ទាំងឪពុកមិនទាន់ស្លាប់ផង។
យើងឃើញការដែលកូនពៅធ្វើនេះ គឺជា
ទង្វើមួយដែលបង្ហាញពីភាពមិនមានក្រមសីលធម៌ ក្រអឺតក្រទម
មិនគោរពកោតខ្លាច ឲ្យតម្លៃដល់ឪពុករបស់ខ្លួនដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សា
និងជាមេគ្រួសារទាល់តែសោះ។
បើយើងក្រឡេកមើលពីសំណើរស្នើសុំរបស់កូនពៅទៅកាន់ឪពុក
វាជាការស្នើសុំមួយដែលរន្ធត់ នៅពេលដែលកូនពៅសុំឪពុកចែកមរដកដល់គាត់
ទាំងគាត់កំពុងតែរស់នៅឡើយ
ហើយយើងឃើញការស្នើសុំនេះជាការស្នើសុំដែលរកតែប្រយោជន៏ផ្ទាល់ខ្លួនតែប៉ុណ្ណោះ
បើយើងកត់សម្គាល់ទៅលើពាក្យដែលកូនពៅបាននិយាយទៅកាន់ឪពុក «សូមប្រគល់ដល់ខ្ញុំ
ដែលអង់គ្លេសថា Give me» ដែលការផ្តោតរបស់គាត់គឺថា
ខ្ញុំ
អ្វីដែលកូនពៅនិយាយគឹគាត់មិនខ្វាយខ្វល់អំពីអ្នកណាទាំងអស់
ជាពិសេសគឺឪពុករបស់គាត់ផ្ទាល់តែម្តង គឺគាត់ខ្វាយខ្វល់តែអំពីខ្លួនឯង
គាត់ចង់មានភាពសប្បាយរីករាយដោយខ្លួនឯង មិនចង់នៅក្រោមការគ្រប់គ្រងរបស់ឪពុក
មិនចង់ឲ្យឪពុកគ្រប់គ្រងជីវិតរបស់គាត់ គាត់ចង់មានសេរីភាពដើរហើរដោយខ្លួនឯង ដូច្នេះហើយបានជាគាត់សុំឪពុកប្រគល់ទ្រព្យសម្បត្តិឲ្យគាត់
ដោយមិនចង់រងចាំរហូតដល់ឪពុករបស់គាត់ស្លាប់នោះទេ។ ងាកមកមើលឪពុកវិញ យើងមើលឃើញថាហេតុតែសេចក្តីស្រឡាញ់
មេត្តាករុណារបស់ឪពុកចំពោះកូន នោះគាត់ក៏ព្រមចែកមរដកតាមសំណើរ។
ឪពុកមានសិទ្ធអាចបដិសេធមិនព្រមចែកទ្រព្យសម្បត្តិដល់កូន ពីព្រោះគាត់ជាមេគ្រួសារ
ជាឪពុកហើយជាអ្នកខិតខំស្វែងរកទ្រព្យសម្បត្តិ ប៉ុន្តែគាត់មិន
បានបដិសេធ គាត់បានចែកទ្រព្យដល់កូន។
2.
លទ្ធផលនៃការចាកចេញពីឪពុករបស់កូនពៅវង្វេង (v១៣-១៦)
បើយើងមើលទៅក្នុងខ១៣បានប្រាប់ថា
ក្រោយពេលបន្តិចដែលឪពុកចែកទ្រព្យដល់កូនពៅ នោះ
គាត់កើបប្រមូលទ្រព្យសម្បត្តិទាំងអស់ចេញទៅឯស្រុកឆ្ងាយភ្លាមៗតែម្តង
ទាន់នៅក្តៅៗ ដោយមិនរងចាំរហូតដល់ស្អែកទេ គាត់ចេញទៅឆ្ងាយតាមតែអាចធ្វើបាន ។
នៅពេលដែលកូនពៅចាកចេញពីផ្ទះ ពីឪពុកទៅ យើងអាចដឹងយ៉ាងច្បាស់ពីហេតុផលរបស់គាត់
ពីព្រោះគាត់បានប្រមូលយកទ្រព្យរបស់គាត់ដែលឪពុកចែកឲ្យយកទៅជាមួយគាត់ទាំងអស់
ដោយមិនឲ្យនៅសល់សូម្បីតែមួយកាក់មួយសេន
គឺគ្មានបន្សល់ទុករបស់អ្វីសម្រាប់ពេលត្រឡប់មិនវិញសោះ។ នៅពេលកូនពីចាកចេញពីផ្ទះ
នោះគាត់ក៏បានចាកចេញពីព្រំដែនសីលធម៌របស់គាត់ផងដែរ
គាត់ចង់ឲ្យខ្លួនគាត់រស់នៅដោយមានសេរីភាព គ្មានអ្នកគ្រប់គ្រង់ គ្មានអាណាព្យាបាល និងចង់ចាយវាយចំណែកដែលទទួលបានពីទ្រព្យគ្រួសារគាត់តាមទំនើង
តាមអំពើចិត្តរបស់គាត់ ដោយមិនខ្វល់ មិនទាស់ក្បាលអ្នកណា
គាត់ចង់ទិញអ្វីតាមតែចិត្តគាត់ គាត់មានការសប្បាយរីករាយនឹងជីវិត
គាត់ចំណាយលុយក្នុងភាពសប្បាយរីករាយជាមួយមិត្តភក្តិរបស់គាត់។
គាត់បានយកទ្រព្យរបស់ឪពុក មកចាយវាយខ្ជះខ្ជាយ រស់នៅជាជីវិតដ៏អាក្រក់ដោយការបង្ហិនទ្រព្យដែលមានដោយការល្បែងដ៏ហួសខ្នាត
គាត់បានប្រើជីវិតរបស់គាត់ទៅក្នុងអំពើបាប និងការអាក្រក់ៗ។ កូនពៅមានពេលល្អ
មានពេលសប្បាយរីករាយ មានអំណរក្នុងការប្រព្រឹត្ត និងជីវិតរស់នៅរបស់គាត់
គឺជាសេចក្តីអំណរខាងអំពើបាប។
នៅក្នុងខ១៤
នៅពេលដែលកូនពៅបានចាយវាយនូវទ្រព្យដែលឪពុកបានចែកឲ្យអស់រលីងហើយ
នោះកាត់មិនត្រឹមតែអស់បាត់បង់ទ្រព្យសម្បត្តិនោះទេ
គាត់ថែមទាំងបាត់បង់នូវមិត្តភក្តិដែលបានជួយចាយលុយរបស់គាត់ថែមទៀតផង
ដូចជាយើងធ្លាប់និយាយថា ពេលមានលុយមានមិត្ត ពេលអត់លុយអត់មិត្ត។
ស្រុកឆ្ងាយដែលគាត់បានទៅ ធ្លាប់តែជាស្រុកដែលមានដោយការផឹកស៊ីសប្បាយ មានស្រី
មានការច្រៀងចំរៀងយ៉ាងសប្បាយ បានត្រឡប់ជាស្រុកដែលមានការស្រែកយំ
ស្រុកដែលមានការបារម្ភ និងទុក្ខព្រួយ ដោយសារស្រុកដែលកូនពៅបានទៅកើតមានអំណត់ជាខ្លាំង
ចំពេលដែលស្រុកកើតមានអំណត់អត់ឃ្លាន នោះកូនពៅក៏ធ្លាក់ខ្លួនទ័លក្រ អត់មានលុយ ទ្រព្យទៅទៀត។
ការកើតមានអំណត់អត់អាហារអាចនាំឲ្យកូនពៅជួបស្ថានភាពដ៏លំបាកមួយ
យើងអាចនិយាយថាប្រហែលតម្លៃអាហារឡើងថ្លៃ ហើយមនុស្សមិនអាចចែកចំណីអាហារដល់គ្នាបានទេ។
ដូច្នេះហើយនាំឲ្យកូនពៅសម្រេចចិត្តទៅបំរើអ្នកស្រុកម្នាក់
ហើយគេក៏បានប្រើគាត់ឲ្យទៅឯវាលដើម្បីឃ្វាលហ្វូងជ្រូក(ខ១៥)។
2.1
ការចាកចេញពីឪពុកនាំឲ្យកូនពៅមានសេចក្តីខ្មាស
យើងឃើញថា ការចាកចេញពីឪពុកបានធ្វើឲ្យកូនពៅមានសេចក្តីខ្មាស
ដោយសារតែកូនពៅដែលជា
សាសន៏យូដា នឹងវាបានទៅឃ្វាលហ្វូងជ្រូក
ការឃ្វាលហ្វូងជ្រូកគឺជាការងារដែលថោកទាប ហើយគួរឲ្យស្អប់ខ្ពើមបំផុតសម្រាប់សាសន៏យូដា ពីព្រោះថាសត្វជ្រូកជាសត្វដែលមិនស្អាតមួយក្នុងចំណោមសត្វជាច្រើនទៀតដែលមានចែងនៅក្នុងក្រិត្យវិន័យរបស់លោកម៉ូសេ
(លេវីវិន័យ១១:៧) ប៉ុន្តែទោះបីជាយ៉ាងណាគាត់សុខចិត្តទទួលយកការងារក្នុងការឃ្វាលហ្វូងជ្រូក។
នៅ១យ៉ូហាន២:២៨ បានប្រាប់ថាយើងនឹងមានចិត្តក្លាហាន និងមិនមានសេចក្តីខ្មាសចំពោះព្រះ
នៅពេលដែលទ្រង់យាងមកវិញនោះឡើយ
បើយើងនៅជាប់ជាមួយនឹងព្រះ មិនដាច់ចេញពីទ្រង់ មិនឈប់ជឿលើទ្រង់នោះ។
2.2
ការចាកចេញរបស់កូនពៅនាំឲ្យគាត់ជួបការឈឺចាប់
និងក្រៀមក្រំ
សម្រាប់កូនពៅមកទល់នឹងពេលនេះ គឺគាត់គ្មានផ្ទះសំបែង
គ្មានអ្នកណាជួយ និងគ្មានសេចក្តីសង្ឃឹម គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងគាត់ទាល់តែសោះ។
គាត់មានការស្រេកឃ្លានខ្លាំងមែនទែន ហើយចង់ចំអែតពោះដោយបាយជ្រូកណាស់ ប្រសិនបើមាន
តែគេមិនឲ្យគាត់បរិភោគទេ។
កូនពៅមានសេចក្តីឈឺចាប់ពីព្រោះតែការដែលគាត់បានសម្រេចចិត្តចាកចេញពីឪពុក។
មិនត្រឹមតែប៉ុណ្ណោះគាត់ក៏មានភាពសោកសៅផងដែរ គ្មានអ្នកណាម្នាក់បារម្ភពីគាត់
ថាតើគាត់រស់ឬស្លាប់ក្តី គាត់មានអារម្មណ៏កណ្តោច
កណ្តែងកំព្រាឯកកា ហើយថែមទាំងឃ្លានទៀតផង។
ដូចគ្នាដែរអំពើបាបបានធ្វើឲ្យមនុស្សត្រូវឃ្លាតឆ្ងាយ ដាច់ចេញពីព្រះ
ហើយបានបាំងព្រះភក្ត្ររបស់ព្រះមិនឲ្យមនុស្សឃើញ (អេសាយ៥៩:២) អំពើបាបនាំឲ្យមនុស្សមានការទុក្ខព្រួយ ភាពអាម៉ាស់ ការឈឺចាប់ ភាពក្រៀមក្រំ
និងបញ្ហាជាច្រើនទៀត។
3.
ការត្រឡប់ដោយការបន្ទាបខ្លួនរបស់កូនពៅវង្វេង (v១៧-២០a)
3.1
ការភ្ញាក់ដឹងខ្លួនរបស់កូនពៅ (v១៧)
បន្ទាប់ពីកូនពៅបានជួបទុក្ខលំបាកជាច្រើនក្រោយពីបានចាកចេញពីឪពុក
នោះវាបានភ្ញាក់ដឹងខ្លួន។ នៅពេលដែលគេចេញទៅស្រុកឆ្ងាយ នោះគឺជាពេលវេលាដែលអាក្រក់មួយ
ដោយមិនបានគិតឲ្យបានច្បាស់លាស់មុននឹងធ្វើអ្វីមួយ។ កូនពៅបានគិត
បានចងចាំពីភាពសុខស្រួលដែលមាននៅក្នុងផ្ទះជាមួយឪពុករបស់ខ្លួន គាត់បានគិតថា
ទោះបីជាអ្នកបំរើរបស់ឪពុកគាត់ ក៏មានអាហារបរិភោគគ្រប់គ្នា
ដែលប្រសើរជាគាត់ពេលឥឡូវនេះដែលគាត់ស្រេកឃ្លានចង់ដាច់ពោះទៅហើយនោះដែរ។
3.2
ការតាំងចិត្តរបស់កូនពៅ
និងការត្រឡប់មកផ្ទះវិញរបស់កូនពៅ (v១៨-២០a)
បន្ទាប់ពីបានភ្ញាក់ដឹងខ្លួនហើយកូនពៅក៏បានតាំងចិត្តថានឹងត្រឡប់ទៅផ្ទះវិញ
ពីព្រោះតែគាត់មានការ
នឿយហត់និងជីវិតដែលរស់នៅស្រុកឆ្ងាយ
ជីវិតដែលរស់នៅដាច់ចេញពីឪពុក។ គាត់ខានបានមានការទំនាក់ទំនងជាមួយឪពុកអស់រយ:ពេលជាយូរមកហើយ
គាត់ចង់ទៅកន្លែងណាដែលមានសេចក្តីស្រឡាញ់ កន្លែងមានចំណីអាហារបរិភោគគ្រប់គ្រាន់
និងកន្លែងដែលយកចិត្តទុកដាក់ដល់គាត់ ដូច្នេះបានជាគាត់ចង់ត្រឡប់ទៅផ្ទះដើម្បីជួបនឹងឪពុកវិញ។
គាត់បានគិតថាគាត់នឹងនិយាយទៅកាន់ឪពុករបស់គាត់ពីអ្វីដែលគាត់បានធ្វើ
គាត់បានទទួលស្គាល់ថាអំពើបាបដែលគាត់បានធ្វើចំពោះឪពុក ក៏ជាអំពើបាបដែល
ប្រឆាំងនឹងព្រះផងដែរ ។យើងអាចមើលឃើញអំពីការផ្លាស់ប្តូររបស់កូនពៅនៅអ្វីដែលគាត់បាននិយាយជាមួយឪពុក
កាលពីមុននៅពេលដែលគាត់ចាកចេញពីផ្ទះនោះគាត់និយាយថា «សូមប្រគល់ដល់ខ្ញុំ (v១២)»
ប៉ុន្តែនៅពេលគាត់ប្រឡប់មកផ្ទះវិញគាត់និយាយថា «សូមទទួលខ្ញុំ(v១៩)»
យើងឃើញថាពីមុនកូនពៅមិនចង់នៅក្រោមអំណាច
ក្រោមការគ្រប់គ្រងរបស់់ឪពុកនោះទេ
ប៉ុន្តែឥឡូវគាត់បានសូមដល់ឪពុកទទួលគាត់ដូចជាជើងឈ្នួលវិញ នេះជាអ្វីដែលគាត់ចង់ទៅផ្ទះគឺមិនមែនទៅធ្វើជាកូនទេ
ប៉ុន្តែទៅធ្វើជាជើងឈ្នួលរបស់ឪពុកវិញ។ យើងបានឃើញថាកូនពៅបានសារភាពនៅកំហុសរបស់គាត់
សោកស្តាយចំពោះអំពើបាបដែលគាត់បានធ្វើ ហើយបានត្រឡប់ទៅរកឪពុកវិញ។
បន្ទាប់ពីបានគិតថានឹងធ្វើអ្វី
ហើយនឹងនិយាយអ្វីនៅពេលទៅដល់ផ្ទះហើយ នោះកូនពៅក៏បានក្រោកឡើងដើរតំរង់ក្បាលទៅផ្ទះ
ប៉ុន្តែការការឡប់ទៅផ្ទះនេះគាត់មិនដឹងថាយ៉ាងម៉េចយ៉ាងណាទេ
គាត់មិនដឹងថានឹងមានអ្វីកើតឡើងនៅពេលដែលគាត់ទៅដល់ផ្ទះ។
គាត់ប្រហែលជាអាចត្រូវឪពុកបដិសេធ គាត់អាចត្រូវ
អាម៉ាសមុខ ឬក៏អាចឈានដល់ការសម្លាប់ចោលក៏ថាបាន
ប៉ុន្តែទាំងបីជាទទួលលទ្ធផលយ៉ាងណាក៏ដោយក៏គាត់មិនខ្វល់អ្វីដែរ
ពីព្រោះថាគាត់មានការនឿយហត់ដែលរស់នៅស្រុកឆ្ងាយពីផ្ទះ ហើយចង់ទៅផ្ទះវិញ។
ព្រះបានចាត់បញ្ចូនព្រះវិញ្ញាណនៃព្រះ
ដើម្បីបង្ហាញយើងនូវអំពើបាបថាមនុស្សមានបាប ហើយពីសេចក្តីជំនុំជំរះ
នៅពេលដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ (យ៉ូហាន១៦:៧-១១)
4.
ការជួបជុំគ្នាដ៏សប្បាយរីករាយរបស់កូនពៅវង្វេង (v២០b-២៤)
មានការ៣យ៉ាងដែលកូនពីបានរកឃើញនៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញ។
4.1
កូនពៅបានឃើញការទទួលស្វាគមន៏ (v២០b-២១)
ដូចដែលយើងបានដឹងហើយថាកូនពៅបានដើរតំរង់ទៅផ្ទះ
ដោយមិនដឹងថានឹងមានរឿងអ្វីកើតឡើង
ចំពោះគាត់ផង គាត់មិនដឹងថាពេលទៅដល់ផ្ទះ
គាត់បានឃើញការអ្វីនោះទេ ប៉ុន្តែអ្វីដែលគាត់បានឃើញនោះគឺជារឿងដែលមិនគួរឲ្យជឿទាល់សោះសម្រាប់រូបគាត់
គឺគាត់បានឃើញឪពុករបស់គាត់កំពុងរងចាំកូនរបស់គាត់ប្រឡប់មកវិញ។ បើយើងមើលពីឪពុកវិញ
យើងឃើញថាឪពុកនៅតែស្រឡាញ់ដល់កូនទោះបីជាកូនបានធ្វើខុសចំពោះគាត់យ៉ាងណាក៏ដោយ
គាត់តែងតែទន្ទឹងមើលផ្លូវកូនត្រឡប់មកវិញ លុះនៅពេលដែលគាត់ឃើញកូនប្រឡប់មកវិញពីចំងាយ
គាត់អាចឃើញអំពីស្ថានភាពកូនរបស់គាត់ប្រហែលជាមានរូបរាងអាក្រក់ សក់កន្រីងកន្រើង
អាវមិនអាវខោមិនខោ នោះឪពុកមិនចាំយូរ
មិនចាំឲ្យកូនដើរមកដល់នោះទេ គាត់បានរត់ទៅរកកូនដោយចិត្តអាណិតមេត្តា
ព្រមទាំងឱបថើបកូនផង ហើយកូនក៏បានសារ
ភាពនៅទោសកំហុសដែលបានប្រព្រឹត្តខុសគឺបានធ្វើបាបនិងព្រះ
ហើយនឹងឪពុក គាត់មិនសមឲ្យគេហៅជាកូនទៀតទេ ពីព្រោះអ្វីដែលគាត់បានធ្វើ
គាត់ដឹងថាវាជាកំហុស ជាអំពើបាបដែលទាស់នឹងបំណងព្រះហឫទ័យព្រះ និងការប្រព្រឹត្តដែលខុសនឹងឪពុក។
យើងមើលឃើញថានៅទីនេះកូនពៅបានឃើញឪពុក
ផ្តល់ដល់គាត់នូវក្តីស្រឡាញ់
សេចក្តីអាណិតអាសូរនិងមេត្តាករុណា ដែលបានទទួលគាត់ ហើយស្រឡាញ់គាត់
ទាំងកូនពៅមិនទាន់បាននិយាយឃ្លាចុងក្រោយដែលថាសុំឪពុកធ្វើជាជើងឈ្នួលផង។
បើយើងពិចារណាពាក្យថា «រត់» ហេតុអ្វីបានជាឪពុករត់ទៅរកកូន?
ពីព្រោះតែឪពុកស្រឡាញ់កូន មានអំណរនៅពេលដែលកូនត្រឡប់មកវិញ។ ចុះហេតុបានជាឪពុកថើប?
ពីព្រោះវាសញ្ញាដែលបង្ហាញពីការលើកលែងទោស ពីការទទួលកូនត្រឡប់មកវិញរបស់ឪពុក
នៅពេលដែលកូនពៅបានធ្វើខុសហើយ វិលប្រឡប់មករកឪពុកវិញ។ នៅក្នុងគម្ពី១យ៉ូហាន១:៩ បានប្រាប់ថាបើយើងលន់តួបាប
នោះព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៏នឹងអត់ទោសបានឲ្យយើង
ហើយនឹងសំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ដែលមានន័យថា
ព្រះទ្រង់នឹងឆ្លើយតបចំពោះអ្នកដែលលន់តួបាប តាមព្រះគុណនៃទ្រង់
ទ្រង់នឹងអត់ទោសបាបដល់អ្នកដែលលន់តួ ដែលនាំឲ្យមានទំនាក់ទំនងឡើងវិញជាមួយព្រះឡើងវិញ
ដែលត្រូវបានកាត់ផ្តាច់ដោយអំពើបាប។
4.2
គាត់បានរកឃើញការស្តារឡើងវិញ (v២២)
ពេលកូនពៅត្រឡប់មកវិញ
មានរបស់៣យ៉ាងដែលឪពុកឲ្យបាវបំរើយកមកបំពាក់ដល់កូនគឺ
ទី១គឺអាវល្អបំផុត : កូនពៅគាត់បាននិយាយថា
គាត់បានធ្វើបាបនឹងឪពុក គាត់មិនសមធ្វើជាកូនទៀតទេ
ប៉ុន្តែឪពុកបានឲ្យបាវបំរើយកអាវល្អបំផុតមកបំពាក់ឲ្យ ដែលបង្ហាញពីភាពស្អាតសមរម្យ
ពីភាពបរិសុទ្ធ ហើយអាវល្អបំផុតនេះនឹងអាចគ្របបាំងភាពអាក្រក់
ភាពកខ្វក់ទាំងអស់ដែលកូនពៅបានធ្វើ។
នៅពេលដែលមនុស្សមានបាបត្រឡប់មករកព្រះ
នោះគេនឹងទទួលបានអាវមកពីព្រះវបិតាដែលគង់នៅស្ថានសួគ៌
ដែលជាអាចគ្រប់បាំងគ្រប់ទាំងអំពើបាប ជាអាវនៃសេចក្តីសង្គ្រោះ និងសេចក្តីសុចរិត
(អេសាយ៦១:១០) ហើយសេចក្តីសុចរិតដែលមនុស្សមានបាបទទួលបានមិនមែនជា
សេចក្តីសុចរិតដោយការធ្វើអំពើល្អរបស់មនុស្សនោះទេ ប៉ុន្តែគឺជាសេចក្តីសុចរិតនៃអង្គព្រះយេស៊ូវគ្រីស្ទ
ដែលដាក់ទៅលើពួកគេ នាំឲ្យបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿជឿដល់ទ្រង់ (ភីលីព៣:៩)។
នៅពេលដែលយើងពាក់អាវនៃសេចក្តីសុចរិតនៃព្រះយេស៊ូវគ្រីស្ទ ការឈឺចាប់
រឿងអាក្រក់អាក្រីទាំងប៉ុន្មានដែលមានក្នុងជីវិតរបស់យើងពីអតិកាលនឹងត្រូវបានសំអាតចេញពីយើង
ហើយនៅពេលព្រះយេស៊ូវយាងមកវិញជាលើទី២ នោះកូនចៀមនៃព្រះនឹងពាក់អាវសវែង
ដែលបានបោកហើយធ្វើឲ្យសក្នុងឈាមរបស់ព្រះយេស៊ូវ (វិវរណ:៧:៩-១៤)។
ទី២គឺចិញ្ចៀន: ដែលចិញ្ចៀនតំណាងឲ្យ
ឯកសិទ្ធ និងអំណាច។ វាជាឯកសិទ្ធ និងអំណាចដ៏អស្ចារ្យដែលឪពុកបានផ្តល់ដល់កូន
ដែលកូនពៅជាកម្មសិទ្ធរបស់ឪពុក ។ ដូចគ្នាដែរនៅពេលដែលមនុស្សមានបាប
សារភាពនៅអំពើបាបរបស់គេ ហើយមករកព្រះវិញនោះ
គេនឹងទទួលបានឯកសិទ្ធយ៉ាងអស្ចារ្យដែលបានទទួលស្គាល់ថាជាកូនរបស់ព្រះ
អ្នកដែលជឿដល់ទ្រង់នឹងប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះយ៉ាងពិតប្រាកដ ១យ៉ូហាន៣:១-២;យ៉ូហាន១:១២)។
ទី៣គឺស្បែកជើង : របស់ទី៣ដែលកូនពៅទទួលបានពីឪពុកគឺស្បែកជើង
ដែលបង្ហាញអំពីឋាន:របស់គាត់
ឪពុកបានប្រាក់អ្នកបំរើឲ្យយកស្បែកជើងមកបំពាក់ជើងកូនប្រុសរបស់គាត់។ ពួកទាសករ
ឬអ្នកបំរើគឺដើរដោយជើងទទេ មិនមានស្បែកជើងពាក់ទេ
ប៉ុន្តែកូនពៅមានស្បែកជើងដែលការនេះបង្ហាញថាគាត់មិនមែនជាបាវបំរើនោះទេ។ នៅពេលកូនពៅត្រឡប់ទៅផ្ទះ
គាត់បានសុំឪពុកគ្រាន់តែធ្វើជាជើងឈ្នួលប៉ុណ្ណោះ ប៉ុន្តែឪពុកបានផ្តល់ឋាន:ដល់គាត់ថាជាកូនទៅវិញ ដោយបានយកស្បែកជើងមកបំពាក់។
4.3
គាត់បានរកឃើញសេចក្តីអំណរ (v២៣-២៤)
ឪពុកបានឲ្យគេយកកូនគោដែលបំប៉នមកសំឡាប់
ដែលកូនគោដ៏ធាត់នោះបានរក្សាទុកសម្រាប់មាន
កម្មវិធីពិសេស។ ការសំឡាប់កូនគោធាត់ ដើម្បីបរិភោគគឺជារបៀបមួយដែលឪពុកចែកចាយសេចក្តីអំណរ
ការសប្បាយរីករាយជាមួយមនុស្សទាំងអស់គ្នា ដែលកូនពៅបានត្រឡប់មកផ្ទះវិញ។
ការដែលកូនពៅបានចាកចេញពីឪពុក នោះកូនពៅបានរាប់ដូចជា បាត់បង់
និងស្លាប់ តែពេលដែលគាត់សម្រេចចិត្តត្រឡប់មករកឪពុកវិញ នោះគាត់បានរាប់ដូចជាបានរកឃើញមកវិញ
និងរស់ឡើងវិញ។
ដូចគ្នាដែរនៅពេលដែលមនុស្សមានបាបងាកបែរវិលត្រឡប់រកព្រះវិញ
នោះនឹងមានសេចក្តីអំណរនៅស្ថានសួគ៌ ពួកទេវតានឹងមានសេចក្តីអំណរ
ដោយសារតែមនុស្សប្រែចិត្តមករកព្រះ (លូកា១៥:៧,១០)។
VI.
សរុបសេចក្តី
សរុបសេចក្តីមកយើងឃើញថា
កូនពៅបានចាកចេញពីឪពុកទៅរស់នៅស្រុកឆ្ងាយ ហើយបានបង្ហិន
បង្ហោចទ្រព្យសម្បត្តិដែលឪពុកបានចែកឲ្យ
ក៏ជួបសេចក្តីលំបាកវេទនាក្នុងជីវិត ហើយភ្ញាក់ដឹងខ្លួនថាបានធ្វើខុសនឹងឪពុក
ក៏បានត្រឡប់ទៅផ្ទះវិញដោយការដឹងនូវកំហុស ហើយសុំទោសដល់ឪពុក។
ទោះដឹងថាកូនធ្វើខុសយ៉ាងណាក៏ដោយ ដោយសេចក្តីស្រឡាញ់របស់ឪពុក
នោះគាត់បានទទួលកូនត្រឡប់មកវិញដោយអោបថើប ហើយបានយកអាវល្អបំផុត ចិញ្ចៀន
នឹងស្បែកជើងមកបំពាក់ដល់កូន ព្រមទាំងកាប់គោធាត់មួយធ្វើពិធីជប់លៀងយ៉ាងសប្បាយរីករាយ
ដោយសារតែកូនពៅដែលបានធ្វើខុសហើយ សម្រេចចិត្តត្រឡប់មករកឪពុកវិញ។
VII.
ទេវសាស្ត្រ
ព្រះទ្រង់ជាតួនៃសេចក្តីស្រឡាញ់
ដោយសារសេចក្តីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សទាំង
អស់ដោយមិនរើសមុខ
បានជាទ្រង់ចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកសង្គ្រោះដល់មនុស្សដែលមានបាប តាមរយ:ការសុគតនៅលើឈើឆ្កាង
ហើយមានព្រះជន្មរស់ឡើងវិញ (យ៉ូហាន៣:១៦;១យ៉ូហាន៤:៨-១០)។
ព្រះយេស៊ូវទ្រង់យាងមកដើម្បីតាមរក នឹងជួយសង្គ្រោះមនុស្សដែលបាត់បង់ ទ្រង់មិនមែនយាងមកដើម្បីជំនុំជម្រះមនុស្សនោះទេ
(លូកា១៩:១០)។
តាមរយ:រឿងនេះបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្ស
ទ្រង់ស្រឡាញ់ ហើយនឹងអត់ទោសដល់អ្នកដែលបានធ្វើបាប ហើយប្រែចិត្តមករកទ្រង់
ទ្រង់រកចាំមនុស្សមានបាបប្រែចិត្តដើរមករកទ្រង់។
VIII.
អនុវត្ត
តើអ្នកជាអ្នកដែលវង្វេងនៅស្រុកឆ្ងាយដែររឺទេ? តើអ្នកធ្លាប់បានឃ្លាតឆ្ងាយពីព្រះដែររឺទេ?
តើអ្នកត្រូវការត្រឡប់មកផ្ទះវិញដែររឺទេ? បើសិនជាចង់ត្រឡប់មកផ្ទះវិញ
វាមិនមានពេលណាដែលល្អប្រសើរជាងពេលដែលអ្នកចង់នោះទេ ពីព្រោះថាព្រះទ្រង់ជាសេចក្តីស្រឡាញ់
ទ្រង់ស្រឡាញ់ដល់កូនរបស់ទ្រង់។ ប្រសិនជាយើងបានធ្វើអ្វីខុសជាមួយនឹងព្រះ
ដែលធ្វើឲ្យយើងមានអារម្មណ៏ថា យើងបានឃ្លាតឆ្ងាយពីព្រះ ចង់ត្រឡប់មករកព្រះវិញ
តែមិនហ៊ាន នោះសូមចងចាំថា ព្រះវបិតាដែលគង់នៅស្ថានសួគ៏ទ្រង់កំពុងរងចាំយើងត្រឡប់មកវិញ
ដូចជាឪពុកដែលរងចាំកូនពៅត្រឡប់មកវិញ ទ្រង់នឹងអត់ទោស ឲ្យតែយើងទទួលស្គាល់នូវកំហុស ទ្រង់នឹងសំអាតគ្រប់ទាំងកំហុស
ហើយនឹងបំពាក់សេចក្តីសុចរិតរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់នោះទ្រង់មិនយកទោស
ទ្រង់លុបទោសចេញ តែយើងត្រូវឈប់ប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះអង្គទៀត។
1.
ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សាសញ្ញាចាស់
និងសញ្ញាថ្មី ភាសាខ្មែរ បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ឆ្នាំ២០០៣
2.
ព្រះគម្ពីរសំរាយខ្មែរបច្ចុប្បន្ន
3.
គន្លឹះអធិប្បាយព្រះគម្ពីរ
0Awesome Comments!