ដានីយ៉ែល 4:28-37 ព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់

ព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (ពេញ)
អត្ថបទព្រះគម្ពីរ៖ ដានីយ៉ែល ៤:២៨-៣៧
សេចក្តីផ្តើម៖ ព្រះបាទ នរតមសីហនុ កាលទ្រង់នៅមានព្រះជន្មាយុនៅឡើយ នោះទ្រង់មិនបានធ្វើរូបសំណាក់ខ្លួនឯងដើម្បីអោយប្រជារាស្ត្រក្រាបថ្វាយបង្គំឡើយ។ តែនៅពេលដែលទ្រង់បានសុគត់ទៅរាជរដ្ឋាភិបាលបានធ្វើរូបសំណាក់ទ្រង់ដើម្បីឧទិស្ទដល់ទ្រង់ តែផ្ទុយទៅវិញប្រជាជនខ្មែរមួយចំនួនបានក្រាបថ្វាយបង្គំរូបនោះដូចជាព្រះ។ ដែលរឿងនេះវាផ្ទុយទៅនិងស្តេចនេប៊ូក្នេសាទ្រង់សាកសង់ឡើយចង់អោយមនុស្សទាំងអស់ត្រូវថ្វាយបង្គំទ្រង់។
សង្ខេបអត្ថបទគម្ពីរ
លុះកន្លងបាន១២ខែ ខណៈដែលនេប៊ូក្នេសាកំពុងយាងក្នុងរាជរាំងក្រុងបាប៊ីឡូន ស្តេចមានបន្ទូលថា បាប៊ីឡូនជាក្រុងដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចអញ សំរាប់សិរីល្អនៃឥទ្ធានុភាពអញ។ កាលស្តេចកំពុងតែមានបន្ទូលនៅឡើយ ក៏មានសំឡេងធ្លាក់ពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ រាជ្យឯងបានផុតចេញហើយ ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចគោ ឯងនឹងត្រូវទទឹកដោយសន្សើម ព្រះកេសនឹងបានដុះវែងដូចជាស្លាបឥន្ត្រី ហើយនខាក៏ដូចជាក្រចកនៃសត្វស្លាបរយៈពេល៧ឆ្នាំ គឺទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ។ ដូច្នេះពាក្យបានសម្រេចដល់នេប៊ូក្នេសា។ លុះផុតកំណត់ ទ្រង់ក៏ទទួលបានស្មារតីត្រឡប់មកវិញ រួចក៏ក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ លើកដំកើងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំនមនុស្សតរៀងទៅ។ ចំណែកឯរាជ្យរបស់នេប៊ូក្នេសាក៏បានត្រឡប់មកលើទ្រង់វិញ ក៏កាន់តែធំថែមឡើង។
សំនួរស្នូល: ចុះតើអ្នកយល់យ៉ាងដូចម្តេចដែរ អំពីអំណាចព្រះចេស្តានៃព្រះដ៏ពិត? តើព្រះអង្គអាចបំបាក់អំនួតរបស់មនុស្សបានទេ?
រចនាសម្ព័ន្ធ៖
1      ស្តេចនេប៊ូក្នេសាមានអំនួតថាខ្លួនមានអំណាចលើទាំងអស់ (៤:២៨-៣០)
2    ព្រះទ្រង់បំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយអំណាចចេញពីទ្រង់ (៤:៣១-៣៣)
3    នេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (៤:៣៤-៣៧)
តួសេចក្តី៖
1 ស្តេចនេប៊ូក្នេសាមានអំនួតថាខ្លួនមានអំណាចលើទាំងអស់ (៤:២៨-៣០)
បើយើងមើលទៅខ២៨ បានប្រាប់ថាការទាំងនោះ..... នេះគឺចង់សំដៅទៅលើការដែលដានីយ៉ែលបានរំឮកដល់ស្តេច ឲ្យបានផ្តាច់អំពើបាបដែលសេ្តចនេប៊ូក្នេសាបានប្រព្រឹត្តចេញ ហើយប្រព្រឹត្តសេចក្តីសុចរិតវិញ ក៏ត្រូវផ្តាច់ អំពើទុច្ចរិតដែលទ្រង់ធ្វើចេញផង ដោយសំដែងសេចក្តីមេត្តាករុណាដល់ពួកក្រីក្រវិញ ក្រែងនឹងមានសេចក្តីសុខ     (ដានីយ៉ែល ៤:២៧) បើមិនដូច្នោះទេ ស្តេចនឹងត្រូវបណ្តេញចេញទៅរស់នៅក្នុងព្រៃដូចជាសត្វ រហូតដល់៧ឆ្នាំ (ដានីយ៉ែល ៤:២៥) ដែលទាំងនេះគឺជាសុបិន្តដែលព្រះជាម្ចាស់ទ្រង់ដាស់តឿន ដល់នេប៊ូក្នេសា ហើយត្រូវបានដានីយ៉ែលជាអ្នកកាត់ន័យឲ្យ ដូច្នេះហើយបានជាដានីយ៉ែលរំឮកដល់ស្តេចឲ្យកែប្រែចេញពីអំពើបាប (ដានីយ៉ែល ៤:៤-២៧)។ ហើយការទាំងនេះកើតឡើង ដោយសារតែស្តេចមិនធ្វើតាមការឲ្យយោបល់របស់ដានីយ៉ែល។
យើងមើល(ខ២៩-៣០) ....បាននិយាយអំពីក្រុងបាប៊ីឡូនដ៏ធំ... ដោយយោងតាមការយល់សប្តិ      របស់ស្តេចនេប៊ូក្នេសា និង សេចក្តីសំរាយ គឺយើងដឹងថា នេប៊ូក្នេសាដែលជាស្តេចនៃប្រទេសបាប៊ីឡូន បានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ស្តេចនេះបានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ (ដានីយ៉ែល៤:២០-២២)។ ហើយក៏ជាទីក្រុងដែលមានទៅដោយកំផែងទីក្រុង ព្រះវិហារ និងសួនច្បារជាច្រើន។  បើយើងមើលនៅក្នុងអេសាយ ១៣:១៩ បានប្រាប់ឲ្យយើង គឺយើងឃើញថា បាប៊ីឡូនជាក្រុងដែលថ្កុំថ្កើងជាងគេ ក្នុងរាជាណាចក្រ ក្រុងនេះបានវាទទីយ៉ាងធំ  ដោយបានចាប់យកប្រទេសជាច្រើនធ្វើជារបស់ខ្លួន ក្នុងនោះរួមមានទាំងស្រុកយូដាផងដែរ (ដានីយ៉ែល ១:១)។ ដោយព្រោះតែបាប៊ីឡូនបានក្លាយជាណាចក្រមួយដ៏ធំ នឹងរឹងមាំ ក្រោមរាជរបស់ស្តេចនេប៊ូក្នេសា ហេតុដូច្នេះ បានជានេប៊ូក្នេសាមានបន្ទូលនៅក្នុងរាជវាំងនៃក្រុងបាប៊ីឡូនថា តើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ? នេះបានធ្វើឲ្យស្តេចនេប៊ូក្នេសាមានអំនួតចំពោះកិច្ចការ ទាំងប៉ុន្មានដែលមាននៅក្រោមរាជរបស់ខ្លួន បានជាស្តេចមិនចាប់អារម្មណ៍នឹងការដាស់តឿន ឬការផ្តល់យោបល់របស់ដានីយ៉ែលសោះ។ រយៈពេល១ឆ្នាំ គឺជាពេលវេលាដែលព្រះជាម្ចាស់ ទ្រង់បានទុកឱកាសដល់ស្តេចនេប៊ូក្នេសាក្នុងការបែរចេញពីអំពើបាបរបស់ខ្លួន តែស្តេចមិនខ្វល់ មិនអើពើនោះឡើយ ហើយនៅតែមានអំនួតថាខ្លួនមានអំណាចលើទាំងអស់។
2 ព្រះទ្រង់បំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយដកអំណាចចេញពីទ្រង់ (៤:៣១-៣៣)
តើព្រះអង្គអាចបំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយដកអំណាចចេញពីទ្រង់បានទេ? បើយើងបន្តទៀតនៅក្នុង(ខ៣១) ..គឺថា..មានឮសំឡេងធ្លាក់មកពីលើមេឃ..... នៅទីនេះ យើងអាចដឹងថាសំឡេងនេះ គឺមកពីព្រះជាម្ចាស់ ដោយយោងតាមសេចក្តីដែលព្រះអង្គបានដាស់តឿនដល់នេប៊ូក្នេសាតាមរយៈសុបិន្ត ដែលស្របគ្នាទៅនឹងការកាត់ស្រាយរបស់ដានីយ៉ែល។ ដ្បិតដែលសំឡេងនោះ ដូចជាអ្វីដែលដានី-យ៉ែលបានកាត់ស្រាយមែន (ដានីយ៉ែល ៤:២៥, ៣២)។ បើយើងមើលទៅក្នុងព្រះគម្ពីរផ្សេងៗទៀត យើងអាចឃើញថា ពេលខ្លះព្រះជាម្ចាស់ទ្រង់មានបន្ទូលមកតាមរយៈសុបិន្ត ដូចជាយ៉ាកុប (លោកុប្បត្តិ ២៨:១២-១៦) ហើយខ្លះក៏មានបន្ទូលដូចជាលោកម៉ូសេ (និក្ខមនំ ៣:៤) សាំយ៉ូអែល (១សាំយ៉ូអែល ៣:១-៩)ជាដើមដែរ។ ដូច្នេះនេះមិនមែនជាលើកដំបូងដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលមកនោះទេ។ នេះគឺជាសំឡេងរបស់ព្រះដែលទ្រង់មានបន្ទូលមកស្តេចនេប៊ូក្នេសា ក្នុងកាលដែលស្តេច មិនទាន់និយាយអួតចប់នៅឡើយផង។ នៅខ(ខ៣១-៣២) ព្រះទ្រង់មានបន្ទូលថា ...រាជ្យរបស់ឯងបានផុតចេញពីឯងហើយ... គឺនេប៊ូក្នេសា ត្រូវបានព្រះដករាជ្យសម្បត្តិ ដកភាពជាស្តេចដែលមានអំណាច ដកអ្វីៗដែលធ្វើឲ្យគាត់ មានអំនួតចេញពីគាត់។ មិនត្រឹមតែដកចេញទេ ទ្រង់ក៏បន្ទូលទៀតថា ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្ស ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វ ស៊ីស្មៅដូចគោ រហូតដល់គំរប់៧រយៈកាល  គឺមានន័យថា រហូតដល់ស្តេចទទួលស្គាល់ថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យ របស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យទ្រង់។
យើងឃើញថានៅខ(ខ៣៣) .គឺប្រើ..ពាក្យនោះបានសម្រេច... ពាក្យនោះ គឺសំដៅដល់អ្វីដែលព្រះជាម្ចាស់ទ្រង់បានមានបន្ទូល តាំងពីទ្រង់បានព្រមានតាមរយៈការសុបិន្ត ហើយនឹងទើបតែមានបន្ទូលម្តងទៀតនេះ (ដានីយ៉ែល ៤:២៥,៣២)។ ឥឡូវនេះ នេប៊ូក្នេសាដ៏ជាស្តេច ដែលមានអំណាច ត្រូវបានគេបណ្តេញ ចេញពីពួកមនុស្ស គឺឈប់ឲ្យរស់នៅក្នុងរាជ្យវាំងទៀតហើយ គេដេញស្តេចឲ្យទៅរស់នៅក្នុងព្រៃ ហើយក៏សោយស្មៅដូចជាគោ ត្រូវទទឹកដោយសន្សើម។ ​ព្រះ​កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​    នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប គឺសំដៅដល់សក់ ត្រូវដុះវែង ដូចជាឥន្រ្ទី ហើយក្រចកនឹងបានដូចជាក្រចកនៃសត្វស្លាប។  ព្រះជាម្ចាស់ទ្រង់បានដករាជចេញពីស្តេច ដោយព្រោះសារតែភាពអំនួត ហើយមិនព្រមទទួលស្គាល់ពីអំណាចចេស្តារបស់ព្រះដ៏ពិត ដែលទ្រង់ បានសម្តែងម្តងជាពីរដងរួចទៅហើយ គឺជាដំបូង ព្រះទ្រង់ប្រទានឲ្យដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌនេកោ ឲ្យពួកគាត់មានរូបរាងសង្ហាមាំមួន ហើយនឹងប្រាជ្ញាឈ្លាសវៃលើសគេ ដោយមិនចាំបាច់ បរិភោគអាហាររបស់ស្តេច (ដានីយ៉ែល ១:៨-២០)។ ហើយម្តងទៀត គឺនៅពេលដែលសាដ្រាក់ មែសាក់ និងអ័បេឌនេកោ ត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តែព្រះបានជួយពួកគេឲ្យរួច ដោយអំណាចព្រះចេស្តាទ្រង់ (ដានីយ៉ែល ៣:២៤-២៧)។ តែទោះបីជាឃើញយ៉ាងនេះក្តី ហើយមានការព្រមានពីព្រះជាម្ចាស់ និងការដាស់តឿនរបស់ដានីយ៉ែលក្តី ក៏គង់តែស្តេចមិនបានកែប្រែចិត្ត។ ហើយក្នុងអំឡុងពេលដែលស្តេចមិននៅ អាចប្រហែលជាដានីយ៉ែលជាអ្នកគ្រប់គ្រងជំនួសបណ្តោះអាសន្នសិន  ព្រោះបើសិនជាយើងមើលទៅក្នុងដានីយ៉ែល២:៤៨-៤៩ យើងឃើញថា ដានីយ៉ែលត្រូវបានស្តេចតែងតាំងឡើងជាធំ ហើយប្រទានអំណោយយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅក្រុងបាប៊ីឡូនផង។ ដានីយ៉ែលក៏សូមឲ្យស្តេចតាំងមិត្តបីនាក់របស់គាត់ ឲ្យឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូន តែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។  ហើយលោកអាច ដឹកនាំបានយ៉ាងមានប្រសិទ្ធភាព។
3 នេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (៤:៣៤-៣៧)
សូមអោយយើងបានមើលទៅ(ខ៣៤-៣៥) គឺថានេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់ ពិតជាមានអំណាចលើទាំងអស់មែន នៅខ៣៤ លុះផុតកំណត់ហើយ... នេះគឺសំដៅដល់ពេលដែលព្រះជាម្ចាស់ទ្រង់កំណត់៧ខួប ឬ៧ឆ្នាំបានត្រូវកន្លងផុតហើយ។ ជាពេលដែលស្តេចអាចរួចពីការដាក់ទោសរបស់ព្រះ ដូច្នេះ ព្រះទ្រង់ក៏ប្រទានសតិស្មារតីដល់នេប៊ូក្នេសាវិញ ពេលនេះទើបស្តេចទទួលស្គាល់ដូចជាព្រះទ្រង់មានបន្ទូលរួចហើយ (ដានីយ៉ែល ៤:៣២)។ ដូច្នេះ បានជានេប៊ូក្នេសាក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង អំណាចគ្រប់គ្រងរបស់ទ្រង់ ស្ថិតស្ថេរអស់ទាំងដំណមនុស្សតរៀងទៅ។ ព្រះអង្គទ្រង់ធ្វើអ្វីតាមតែព្រះទ័យទ្រង់ ទ្រង់ធ្វើអ្វីដែលគាប់ដល់ព្រះទ័យទ្រង់ គ្មានអ្នកណាអាចនឹងឃាត់ទប់ទ្រង់បានឡើយ ហើយក៏គ្មានអ្នកណាអាចប្រឆាំងនឹងទ្រង់ដោយពាក្យថា តើទ្រង់ធ្វើអ្វីដូច្នេះ បានឡើយ (ទំនុកដំកើង ១១៥:៣)។ នៅខ៣៦ ព្រះជាម្ចាស់ទ្រង់បានប្រគល់អ្វីៗទាំងអស់មកនេប៊ូក្នេសាវិញ មិនត្រឹមតែដូចមុនទេ គឺកាន់តែធំថែមឡើង។ ដូចជាលោកយ៉ូបដែរ គឺព្រះបានប្រទានឲ្យគាត់វិញ១ជា២ដង (យ៉ូប ៤២:១០)។ បើយើងមើលទៅខ៣៧ .គឺ...ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ  ដូចជានេប៊ូក្នេសាស្រាប់ ដែលស្តេចដឹងច្បាស់ ដ្បិតបានជួបនូវបទពិសោធន៍នេះ គឺស្តេចមានចិត្តអំនួត(ចិត្តធំ) យល់ថាគ្មានអ្នកណាស្មើនឹងខ្លួន មិនខ្លាចព្រះដ៏ពិត។ ឥឡូវនេះបានជាស្តេចទទួលស្គាល់ ហើយដឹងច្បាស់ថា ព្រះដ៏ពិត ទ្រង់មានអំណាចលើអ្នកណាៗទាំងអស់ ហើយស្តេចក៏បានសរសើរដំកើង ទាំងពណ៌នាពីព្រះគុណនៃទ្រង់។
សរុបសេចក្តី៖
ព្រះជាម្ចាស់ទ្រង់មានគ្រប់អំណាចព្រះចេស្តាទាំងអស់ ទោះបីជាស្តេចដែលមានអំណាចខ្លាំង នៅក្នុងផែនដីនេះក៏មិនអាចប្រៀបនឹងទ្រង់ដែរ ដ្បិតទ្រង់អាចនឹងលើក ឬទំលាក់ស្តេចទាំងនោះបាន តាមតែព្រះទ័យទ្រង់។ ដូច្នេះ មិនត្រូវមានចិត្តអួតអាង ក្អេងក្អាង មិនចេះខ្លាចរអាដូចជាស្តេចនេប៊ូក្នេសា ឡើយ តែត្រូវមានចិត្តបន្ទាបខ្លួន។ ហើយបើកក្នុងចិត្តដឹងខ្លួនថាមានអំនួត នោះត្រូវឲ្យប្រែចិត្តចេញពីអំពើបាបនេះចេញ ហើយអធិស្ឋានសូមព្រះជួយដកអស់ទាំងចិត្តដែលអួតនេះចេញ។
ទេវសាស្ត្រៈ
ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏ពិត ជាព្រះដ៏មិនគ្រប់អំណាចព្រះចេស្តា ទោះបីជាស្តេចនេប៊ូក្នេសា ជាស្តេចដ៏មានអំណាចមួយអង្គនៅក្នុងផែនដីនេះក្តី ក៏គង់តែគ្មានអំណាចអ្វីឲ្យស្មើនឹងព្រះបានទេ។ ព្រះអង្គទ្រង់មានអំណាចនឹងទំលាក់សេ្តចនេប៊ូក្នេសាចេញពីអ្វីដែលគាត់កំពុងតែមាន ហើយទ្រង់ក៏មានអំណាចក្នុងការដែលលើកស្តេចនេះឡើងវិញផងដែរ ដ្បិតអំណាចគ្រប់គ្រងទាំងអស់ គឺស្ថិតនៅក្នុងកណ្តាប់ព្រះហស្តព្រះជាម្ចាស់ ទាំងការអាក្រក់ និងការល្អ (លោកុប្បត្តិ ៥០:១៧-២១)។ ទាំងការដែលលើកអ្នកណាឡើងឲ្យធ្វើជាស្តេច ទាំងការដែលទំលាក់អ្នកណាចុះ ក៏ជាការដែលស្ថិតនៅក្នុងព្រះហស្តព្រះផងដែរ (ទំនុកដំកើង ៧៥:៤-៧)។ ហើយព្រះជាម្ចាស់ទ្រង់ក៏បានប្រគល់អំណាចទាំងអស់មក ព្រះរាជបុត្រាទ្រង់ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលយើងអាចឃើញនៅក្នុង ម៉ាថាយ ២៨:១៨ ដែលព្រះយេស៊ូវទ្រង់មានបន្ទូលដោយផ្ទាល់ថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង។  ហើយព្រះយេស៊ូវទ្រង់សន្យា អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអ្នក ណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ (ម៉ាថាយ ២៣:១២; លូកា ១៤:១១,១៨:១៤; ១ពេត្រុស ៥:៥-៦)។ ទាំងអស់នេះគឺជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ គ្របដណ្តប់ទាំងអស់ ការងាររបស់ផងព្រះមានទាំងនៅស្ថានសួគ៌ នឹងនៅក្នុងចំណោមកិច្ចការរបស់មនុស្សផងដែរ។ អំណាចរបស់ព្រះមានទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតផងដែរ។
មនុស្សៈ  ជាធម្មតាមនុស្សជាច្រើន ពិសេសដូចជាស្តេចនេប៊ូក្នេសាដែរ គឺនៅពេលដែលមានអំណាចនៅក្នុងដៃ ចាប់ផ្តើមមានចិត្តអួតបំប៉ោង គិតថាអ្វីៗនៅក្រោមខ្លួនទាំងអស់ ហើយក៏មិនខ្លាចព្រះនោះដែរ អ្វីក៏ហ៊ានធ្វើឲ្យតែអាចរក្សាអំណាចនោះបាន។ មនុស្សមិនចង់ទទួលស្គាល់ថាអ្វីដែលគេមានគឺមកពីព្រះនោះទេ គេបដិសេធន៍ព្រះ (រ៉ូម ១:២១-២២)។
ចំនុចអនុវត្តន៍៖
            តើមានពេលណាខ្លះដែលអ្នកធ្លាប់មានមោទនភាពលើខ្លួនឯង? ហើយក៏ធ្វើអ្វីមួយមិនបានថ្វាយសិរីល្អដល់ព្រះតាមរយៈការទាំងនោះ ហើយភ្លេចថា ព្រះទ្រង់ជាអ្នកដែលអនុញ្ញាតិឲ្យការទាំងអស់នោះបានកើតឡើង? សូមសញ្ជឹងគិត ហើយបើមាន នោះសូមឲ្យយើងបានអធិស្ឋានសូមការអត់ទោសមកពីព្រះ ហើយសូមព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួនជានិច្ច ហើយត្រូវទទួលស្គាល់អំណាចរបស់ព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់៕